ទស្សនៈ​ជុំ​វិញ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​

តាមពិត​ខ្មែរយើង​បាត់​ភាព​ម្ចាស់ការ​លើទឹក​ដី​កម្ពុជាក្រោម​ទាំង​ពី​សតវត្ស​ទី១៧ មក​ម៉្លេះ ចំណែក​រឿង​បារាំង​ស៊ី​ញ៉េប្រគល់​ឲ្យ​យួន​ក្នុង​ឆ្នាំ១៩៤៩ នោះ វា​គ្រាន់តែ​បញ្ហា​ផ្លូវច្បាប់​ប៉ុណ្ណោះ។

ក្រឡេក​មើល ស.ត. ទី១៧ ពេល​ដែល​យួន​ចាប់ផ្ដើម​វាយលុក​ដណ្ដើមយក​កម្ពុជាក្រោម​នោះ កម្រិត​អភិវឌ្ឍន៍​របស់​ខ្មែរយើង​ស្ថិតនៅ​ត្រង់ណា បើ​ប្រៀបធៀប​នឹង​កម្រិត​អភិវឌ្ឍ​របស់​មនុស្សជាតិ​ទូទៅ?

មើល​អឺរ៉ុប ស.វ. ទី១៧ គឺជា​ដំណាក់កាល​ចុងក្រោយ​នៃ​ចលនា Renaissance ដែល​ចាប់ផ្ដើម​ពី ស.វ. ទី១៤។ នេះ​ជា​ចលនា​ស្ដារ​ឡើងវិញ​វិស័យ​វិទ្យាសាស្ត្រ​ដែល​រីកចម្រើន​ក្នុង​ជំនាន់​រូម៉ាំង ហើយក៏​បង្កើត​ជា​ខឿន​នៃ​វិទ្យាសាស្ត្រ​សម័យ​ទំនើប។ ជា​ផ្លែផ្កា ចលនា Renaissance បាន​ធ្វើឲ្យ​វិស្វករ​អឺរ៉ុប​ចេះ​បង្កើត​គ្រឿងយន្ត នាវា​ជិះ​ឆ្លង​ទ្វីប និង​បង្កើត​ឲ្យ​មាន​អ្នកប្រាជ្ញ​ដើរផ្សងព្រេង​ជុំវិញ​ពិភពលោក ដូច​លោក Ferdinand Magellan និង Christopher Columbus។ ជាពិសេស លោក Christopher Columbus បាន​ទៅដល់​ទ្វីបអាមេរិក មានន័យថា​ពិភពលោក​ទាំងមូល​ស្ថិត​ក្នុង​ដៃ​ពួក​អឺរ៉ុប​ស្រេច​ទៅ​ហើយ។ ចំណែក​នៅ​អាស៊ី ឃើញ​មាន​ចិន និង​ជប៉ុន​ទទួល​ឥទ្ធិពល​អឺរ៉ុប​មុនគេ។

ជនជាតិ​ចិន​ក៏​ធ្លាប់​មាន​ប្រពៃណី​ដើរផ្សងព្រេង បង្កើត​បាន​ផ្លូវ​លក់​ក្រណាត់​ផ្សា​ភ្ជាប់​ប្រទេស​ចិន​-​ឥណ្ឌា​-​មជ្ឈិមបូព៌ា​-​អឺរ៉ុប។ ដូច​កាលសម័យ​អង្គរ ក៏​ធ្លាប់​មាន​ចិន​មក​សរសេរ​កំណត់ត្រា​ដល់​ស្រុកខ្មែរ គឺ​លោក ជូ តា ខ្វាន់ (周​达​观) ប៉ុន្តែ​គ្មាន​ខ្មែរ​ណា​ទៅ​សរសេរ​កំណត់ត្រា​នៅ​ស្រុក​ចិន​ទេ។ បើ​ប្រៀបធៀប​នឹង​អឺរ៉ុប​ក្នុង​សតវត្ស​ទី១៧ ចំណេះដឹង​ខាង​វិទ្យាសាស្ត្រ​របស់​ចិន​គ្មានអ្វី​ជា​ដំកំភួន​ទេ ប៉ុន្តែ​ចំណេះដឹង​ខាង​ភូមិសាស្ត្រ​ក៏​គួរសម។ រីឯ​យួន ទទួល​ឥទ្ធិពល​ពី​ចិន ក៏​មានចំណេះ​ដឹង​ខាង​ភូមិសាស្ត្រ​គ្រាន់បើ ក្នុង​ការ​ធ្វើសង្គ្រាម​ជាមួយ​ខ្មែរ ឬ​ចាម គេ​ចេះ​ប្រើ​តម្រា​ពិជ័យសង្គ្រាម ស៊ុន ជឺ របស់​ចិន ព្រមទាំង​ស្វែងយល់​យ៉ាង​ច្បាស់​អំពី​ចំណុចខ្សោយ​របស់​ជនជាតិ​ខ្មែរ​-​ចាម តាមរយៈ​ឯកសារ​របស់​ចិន។

ចំណែក​ខ្មែរយើង មកដល់​សតវត្ស​ទី១៧ ចំណេះដឹង​ខាង​វិទ្យាសាស្ត្រ​មាន​អ្វី? ខ្ញុំ​ដូចជា​រក​មិនឃើញ។ រីឯ​ចំណេះដឹង​ខាង​ភូមិសាស្ត្រ តាម​ក្បួន​គម្ពីរ​សាសនា ឃើញ​មាន​រំឭក​ដល់​ជម្ពូទ្វីប គឺ​ប្រទេស​ឥណ្ឌា ប៉ុន្តែ​មិនឃើញ​មាន​ទំនាក់​ទំនងការ​ទូត ឬ​ពាណិជ្ជកម្ម​ជាមួយគ្នា​ទេ។ ដូច្នោះ យើង​រស់នៅ​ដាច់ដោយឡែក​ពី​ពិភពលោក​ខាងក្រៅ។ ពេល​យួន​ចូល​មក​ដណ្ដើម​ទឹកដី មិន​ស្គាល់​យួន​ជា​នរណា ពេលខ្លះ​ហៅ​គេ​ថា អា​ស្រកីដូង ឬ​អា​ពពុះទឹក ក្នុង​ន័យ​ប្រមាថ​មើលងាយ ក្នុង​ពេល​ខ្លួនឯង ជីវភាពរស់នៅ​គ្រាន់តែ​ប្រសើរ​ជាង​កុលសម្ព័ន្ធ​ព្រៃភ្នំ​បន្តិច។ ប្រសើរ​ត្រង់​បាន​ទទួល​អរិយធម៌​ឥណ្ឌា មាន​សាសនា មាន​អក្សរ​ជាដើម។ រីឯកា​រធ្វើ​សង្គ្រាម​វិញ យួន​មាន​ឃ្លាំងចំណេះ​ដឹង​ខាង​វិជ្ជា​ធ្វើសង្គ្រាម​ដែល​ទទួល​មត៌ក​ពី​ចិន ចំណែក​ខ្មែរយើង អាច​មាន​ក្បួន​ពិជ័យសង្គ្រាម​កាលសម័យ​អង្គរ តែ​ក្រោយមក ដូចជា​មិនឃើញ។ ដូច្នេះ មិន​អាច​បន្ទោស​ស្តេច​ខ្មែរ ឬ​ដូនតា​យើង​ថា​មិន​ចេះ​សាមគ្គី​ទើប​ចាញ់​យួន​បានទេ។ នេះ​ជា​ការ​ចុះចាញ់​របស់​អរិយធម៌​ឥណ្ឌា​ទាំងមូល ចំពោះ​អរិយធម៌​ចិន។

3 thoughts on “ទស្សនៈ​ជុំ​វិញ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​”

  1. ខ្ញុំចង់បញ្ចេញមតិបន្តិចបន្តួចអំពីរឿងនេះ !

    ក្នុងស.វទី ១៦ ពិភពលោកនិងក្នុងតំបន់មានការវិវត្ត ជាពិសេសវត្តមានរបស់ពួកអឺរ៉ុប ។ ក្នុងសម័យព្រះបាទច័ន្ទរាជានិងក្សត្រក្រោយៗ ខ្មែរយើងព្យាយាមវិវត្តខ្លួនទៅនឹងការផ្លាស់ប្ដូរពិភពលោកខ្លះដែរ ដូចជាការបើកអោយមានការធ្វើជំនួញរបស់ពួកបរទេស ការរៀនប្រើកាំភ្លើងធំជាដើម ។ ខ្ញុំក៍មិនដឹងថាមូលហេតុអីបានជាខ្មែរចាញ់សង្រ្គាមសៀមក្នុងឆ្នាំ ១៥៩៣ ដែរ បើតាមកំណង់ត្រារបស់ពួកអឺរ៉ុបនិយាយថា ក្នុងស.វទី ១៦ កាំបូចាស ជាប្រទេសដែលលេចធ្លោជាងគេមួយ និងមានការរីកចម្រើនបំផុតក្នុងចំណោមប្រទេសនានាក្នុងឥណ្ឌូចិន (បង្ហាញថាពួកប៉ទុយហ្គាល់ចាប់អារម្មណ៍មកលើស្រុកខ្មែរ) ។

    ក្នុងស.វទី ១៧ ក្រោយពីរំដោះប្រទេសពីសៀមបាន ខ្មែរមិនបានទៅដណ្ដើមយកអណ្ណាខេត្តខាងលិចដែលធ្លាក់ក្នុងដៃសៀមទេ តែខ្មែរបែរជាចាប់ផ្ដើមបំផ្លាញខ្លួនឯងបន្តិចម្ដងៗ ដោយមិនដឹងខ្លួន ។ ពង្សសាវតាសរសេរថាសៀមបានដឹកជញ្ជូនយកក្បួនខ្នាត ចំណេះដឹង ធនធានមនុស្ស និងទ្រព្យសម្បត្តិជាច្រើនទៅស្រុកសៀម ហើយវាជៈឥទ្ធិពលដល់ស្រុកខ្មែរក្រោយពីរំដោះប្រទេសពីសៀម ត្រូវខ្វះខាតធនធានមនុស្ស និងក្បួនខ្នាតសិក្សាជាច្រើន ។ ខ្ញុំមិនគិតថាវាអាចបំផ្លាញស្រុកខ្មែរដល់ម្លឹងដូចបានឃើញនាពេលក្រោយមកនោះទេ ។ ខាងក្រោមជាគំនិតខ្ញុំ ដែលគិតថា ស.វ ទី ១៧ ខ្មែរបំផ្លាញខ្លួនឯងច្រើនណាស់ ៖

    – ក្សត្រខ្មែរបានបង្កើតអោយមានព្រះអង្គម្ចាស់ និងស្ដេចត្រាញ់តាមតំបន់ច្រើនពេក (ពីមុនមិនសូវមានទេ ហើយវានឹងបំភ្លេចបំផ្លាញកម្ពុជានាពេលក្រោយមកទៀត) ៖ ក្រោយពីប្រទេសធ្លាក់ក្នុងដៃសៀម ចាហ្វាយខេត្តនិមួយៗ បានក្លាយជាស្ដេចត្រាញ់ក្នុងតំបន់របស់ខ្លួន ក្រោយមកមានស្ដេចសោយរាជ្យជាបន្ដបន្ទាប់ ប៉ុន្តែមិនបានបង្រួមបង្រួមអំណាចទេ តែបែរជាបង្កើតថែមទៅវិញ បែបនេះបង្ហាញថាអំណាចស្ដេចបានធ្លាក់ចុះ (អំណាចកណ្ដាលធ្លាក់ចុះខ្លាំងជាហេតុនាំអោយកើតមានការបះបោរជាច្រើន ហើយស្ដេចច្រើនខ្វះសមត្ថភាពក្នុងការគ្រប់គ្រងការបះបោរ អ្នកបះបោរខ្លះទៅពឹងពាក់បរទេសជាដើម ) ។

    – ខ្វះខាតច្បាប់ស្នងរាជ្យ ៖ ជាហេតុនាំអោយកើតសង្រ្គាមដណ្ដើមរាជ្យ ពេលស្ដេចមួយសុគតទៅ ។

    – បង្កើតអោយមាន ឧភយោរាជ (មិនដឹងមានន័យថាម៉េច) ប៉ុន្តែគេអាចយល់បានថា ជាស្ដេចទី២ មានន័យថា មានស្ដេចដ៍ទៅ ២ ឬ ៣ អង្គ សម្រាប់ស្នងរាជ្យបន្តឬជំនួស ។ ( ខ្មែរមិនដឹងថាការបង្កើតអោយមានបែបនេះគ្រោះថ្នាក់ប៉ុណ្ណានោះទេ សង្រ្គាមតែងតែកើតមានរវាងក្សត្រដែលគិតថាខ្លួនសាកសមនឹងសោយរាជ្យ ) ។ ទើបមកដល់ជំនាន់អង្គឌួងទេ ដែលប្រកាសលុបច្បាប់នេះចេញ នេះមកពីអង្គឌួងយល់ឃើញពីគុណវិបត្តិវាផងក៍មិនដឹង ។

    បីមូលហេតុខាងលើជា មូលហេតុគ្រឹះក្នុងការបង្កើតអោយមានសង្រ្គាមរាជវង្សនៅកម្ពុជាអំឡុង ស.វ ទី ១៧ ១៨ ។ បរទេសជិតខាងក៍អាចជាដើមហេតុដែរ ត្រង់មានអ្នកបះបោរឬព្រះអង្គម្ចាស់ណាដែលភៀសខ្លួនទៅយួនឬសៀម តែងតែត្រូវស្ដេចប្រទេសទាំងនោះ ញុះញង់អោយបញ្ឆេះសង្រ្គាម ហើយគេនឹងជួយគាំទ្រ ទើបបានជាតែងមានកម្លាំងទ័ពនៃប្រទេសទាំងនោះវាយចូលមកក្រោមឈ្មោះ ជួយកម្ចាត់អ្នកដណ្ដើមរាជ្យ ។

    – ការអនុញាតិអោយជនបរទេសតាំងទីលំនៅលើទឹកដីខ្មែរ និងមិនយកចិត្តទុកដាក់នៃការបម្លាស់ទីរបស់ពួកគេ ៖ នេះជាកំហុសដ៍ធំបំផុតរបស់មនុស្សខ្មែរជំនាន់នោះ ។ វាបានបង្កើតអោយមានបញ្ហាជាច្រើនដូចជាពិបាកគ្រប់គ្រង និងក្លាយជាមូលដ្ឋានរបស់សត្រូវវិញ នៅពេលគេចង់ប្រឆាំងនឹងខ្មែរវិញ ។ ត្រង់នេះហើយដែលគេនិយាយថាយួនមិនបានច្បាំងយកទឹកដីពីខ្មែរទេ តែចូលមករស់នៅនិងដណ្ដើមកាន់កាប់ពេលខ្មែរមានកលិយុគ ។

    – ការមិនបានពង្រឹងកម្លាំងទ័ព ៖ អាល័យតែទាស់គ្នាឯង មានពេលឯណាទៅពង្រឹងកងទ័ពនោះ ទើបបានជាចាញ់ប្រៀបសត្រូវ ពេលគេសម្រុកចូលមកម្ដងៗ ក្រោមហេតុផលផ្សេងៗ ។

    – អសមត្ថភាពគ្រប់គ្រង និងខ្វះការរួបរួម ៖ មិនបាច់និយាយច្រើនទេ ខ្មែរសឹងតែគ្រប់គ្នាខឹងនឹងអតីតកាលរបស់ដូនតាខ្លួនណាស់ ហេតុអីមិនរួបរួមគ្នា និងមិនខិតខំអភិវឌ្ឍប្រទេសអោយខ្លាំងពូកែ នៅពេលដណ្ដើមអំណាចបាននោះ ។ ហេតុអីមិនស្គាល់សត្រូវរបស់ខ្លួន តែបែរជានាំគ្នាទៅពឹងពាក់គេមកប្រឆាំងគ្នាឯងទៅវិញ ។

    ដោយសារប្រព័ន្ធនយោបាយបានធ្លាក់ចុះនៅស.វទី ១៧ បានធ្វើអោយខ្មែរមិនបានគិតដល់ទឹកដីដែលទើបបានបាត់បង់ (អណ្ណាខេត្តខាងលិចធ្លាក់ក្នុងដៃសៀមក្រោយចាញ់សង្រ្គាមលង្វែក) និងទឹកដីដែលយួនទើបចូលមករស់នៅ (ខេត្តខ្លះៗនៃកម្ពុជាក្រោម) ហើយមិនបានអភិវឌ្ឍខ្លួន (ស្របពេលប្រទេសជិតខាងខំប្រឹងអភិវឌ្ឍខ្លួន ដូចជាសៀមជាដើម) ថែមទាំងបំផ្លាញខ្លួនយ៉ាងដំណំនិងជាច្រើនដង ។ ប្រព័ន្ធការពារជាតិក៍ធ្លាក់ចុះតាមហ្នឹងដែរ ដោយសារនយោបាយវឹកវរ ។ ប្រព័ន្ធនយោបាយ ប្រព័ន្ធការពារជាតិបានធ្លាក់ចុះយ៉ាងខ្លាំង ទំនងជាធ្វើឱ្យប្រព័ន្ធអប់រំក៍ធ្លាក់ចុះ ទើបបានជានាពេលក្រោយមកទៀត ស.វទី ១៨ និង ១៩ គ្មាននរណាម្នាក់មានសមត្ថភាពចេញមកស្រោចស្រង់ប្រទេសជាតិបាន ក្រៅតែពីបំផ្លាញជាតិ ។

    ទំនាស់រយៈពេលវែង គ្មានការបង្រួបបង្រួម ធ្វើអោយទឹកដីធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់បរទេសជិតខាងកាន់តែច្រើនទៅៗ ហើយស្ថានភាពប្រទេសកាន់តែលិចលង់ទៅៗ ហើយលិចលង់បំផុតគឺនៅចុងស.វទី ១៨ ក្នុងពេលដែលរាជវង្សខ្មែរឈ្លោះគ្នា និងកាប់សម្លាប់គ្នាអស់ បរទេសជិតខាងក៍ចាប់ផ្ដើមបែងចែកទឹកដីខ្មែរតាមគំនិតគេដែលមានជាយូរមកហើយ (អង្គអេងព្រះជន្ម ៧ ព្រះវស្សា មន្ត្រីបែនចុះចូលសៀម យកអង្គអេងទៅផ្ញើសៀម) ។

    ដូច្នេះតាមប្រវត្តិសាស្រ្តយើងមើលឃើញហើយថា កុំថាឡើយទឹកដីកម្ពុជាក្រោម សូម្បីទឹកដីកម្ពុជាកណ្ដាល និងភាគខាងជើងក៍ធ្លាក់ចូលដៃបរទេសជិតខាងដែរ ។ យើងអាចសង្គ្រោះប្រទេសយើងបានមកវិញខ្លះក៍អាចចាត់ទុកជាជំហានមួយជោគជ័យដែរ កុំអីម្លេះស្មានពេលនេះ ម្ខាងជាជនជាតិភាគតិចក្នុងប្រទេសវៀតណាម ហើយម្ខាងទៀតជាជនជាតិភាគតិចក្នុងប្រទេសថៃ បាត់ឈ្មោះខ្មែរ នឹងប្រហែលគ្មានថ្ងៃអាចងើបឡើងវិញបានផង ព្រោះសត្រូវទាំង២ របស់យើងនឹងរួមដៃគ្នាបង្ក្រាបយើងយ៉ាងព្រៃផ្សៃ និងត្រូវរលាយទៅយ៉ាងអណោចអាធម៌បំផុត ។ ត្រូវចងចាំថា យើងអាចនៅសល់ទឹកដីខ្លះមកដល់សព្វថ្ងៃ និងនៅសល់ព្រលឹងខ្មែរជាច្រើន រួមជាមួយក្ដីសង្ឃឹម និងការឈឺចាប់ជាយូរមកហើយ ថ្ងៃណាមួយខ្មែរនឹងអាចយកឈ្នះសត្រូវប្រវត្តិសាស្រ្តបានជាក់ជាមិនខាន ។

    ដូចនេះទស្សនដែលថាខ្មែរមិនចេះអភិវឌ្ឍខ្លួនស្របនឹងសម័យកាលនោះ ដោយប្រៀបធៀបអរិយធម៌ចិននិងឥណ្ឌានោះ ដូចខ្ញុំបានបង្ហាញខាងលើក្នុងសម័យស.វទី ១៦ រួចហើយថា ខ្មែរពិតជាចេះអភិវឌ្ឍខ្លួនពិតមែន ។ ប៉ុន្តែដោយសារខ្មែរបំផ្លាញខ្លួនឯងយ៉ាងដំណំក្នុងស.វទី ១៧ ហើយបន្តអូសបន្លាយមកដល់ស.វទី ១៨ ទើបទីបំផុតទឹកដីខ្មែរស្ទើររលាយសូន្យនៅស.វទី ១៩ ។ ស.វទី ២០ ខ្មែររស់ឡើងវិញក្នុងនាមជារដ្ឋឯករាជ្យ ប៉ុន្តែមិនអាចទាមទារយកមកវិញនូវទឹកដីមួយភាគធំ ។ ស.វទី ២១ ខ្ញុំសង្ឃឹមថា ខ្មែរពិតជាអាចទាមទារយុកមកវិញបានទាំងអស់នូវទឹកដីទាំងមូល សំខាន់គឺឆន្ទៈ កម្លាំងចិត្ត គំនុំ និងក្ដីឈឺចាប់ជំនាន់ដូនតាយើងនិងជំនាន់យើង នឹងមិនចង់បន្តអោយជំនាន់ក្រោយយើងឡើយ ។

    សូមជូនពរអោយជនជាតិខ្មែរទាំងអស់មាននូវកម្លាំងចិត្តមុះមុត កុំខ្លាចសត្រូវអោយសោះ ព្រោះយើងគឺជាពូជអ្នកចម្បាំង និងជាពូជអ្នកសាងអង្គរ ដែលល្បីរន្ទឺពេញពិភពលោក ដូច្នេះកុំធ្វើអោយដូនតាយើងអស់សង្ឃឹមអោយសោះ ៕

  2. ទឹកដីខ្មែរក្រោមពិតជាបានធ្លាក់ក្រោមការគ្រប់គ្រងរបស់យួនមុនបារាំងមកមែន​ ប៉ុន្តែការស៊ីញ៉េរបស់បារាំងទៅវិញទេ ដែលស្មើនឹងបំពេញភាពស្របច្បាប់ដល់យួនលើទឹកដីខ្មែរក្រោម ។ បារាំងបានគ្រប់គ្រងទឹកដីនេះជាង ១០០ ឆ្នាំ ចុងក្រោយក៍កាត់អោយយួន ដោយសំអាងអ្វី ? ដោយយួនមានគ្នាច្រើនជាងខ្មែរ តើជម្រឿនបានត្រឹមត្រូវឬទេ ? ហើយបើយួនច្រើនជាងខ្មែរ ក៍គ្មានអ្វីចម្លែកដែរ​ ព្រោះយួនហើយនឹងបារាំងបានបញ្ជូនយួនអោយចូលមករស់នៅកាន់តែច្រើនក្នុងសម័យខ្លួនកាន់កាប់ ។ ដោយសំអាងថាបានដណ្ដើមពីយួនមិនមែនពីខ្មែរ ប៉ុន្តែដឹងតាំងតែពីដំបូងថាទឹកដីនេះមិនមែនជារបស់យួនទេ ជារបស់ខ្មែរ យួនគ្រាន់តែទើបដណ្ដើមកាន់កាប់បាន ។ ក្នុងនាមជាប្រទេសអាណានិគម ការសម្រេចចិត្តបែបនេះមានសារៈសំខាន់ខ្លាំងណាស់ ខុសពីការសម្រេចចិត្តផ្សេងៗ វាស្មើនឹងការកាត់ទឹកដីពីជាតិសាសន៍មួយ ទៅជាតិសាសន៍មួយ ។ បើបារាំងមិនបានធ្វើអាណានិគម ដូចអាណានិគមដទៃទៀតទេ ម្លេះសមបារាំងដណ្ដើមពីអ្នកណា ហើយប្រគល់ទៅអ្នកនុងទៅបាច់ហើយ មិនបាច់ខ្វល់ម្ចាស់ដើមឡើយ តែនេះក្នុងនាមជាអាណានិគម ។

    ពិតប្រាកដយួនបានកាន់កាប់ទឹកដីនេះដោយខុសច្បាប់មុនពេលបារាំងមកដល់ ហើយក៍ទទួលបានភាពស្របច្បាប់ ក្រោយពីបារាំងចាកចេញទៅ តែវានៅតែមិនស្របច្បាប់អន្តរជាតិឡើយ បើខ្មែរប្ដឹងជំទាស់ និងបង្ហាញពីភាពមិនសុខចិត្ត ឬខ្មែរបង្កសង្រ្គាមដណ្ដើមយកវិញ ប្រសើរជាជាងនៅស្ងៀម សុខចិត្តស្ដីបន្ទោសដូនតា ខណៈសត្រូវកំពុងសើចចំអកថា ” ម៉ែឯងប្រាប់អោយអញវ៉ៃឯង ហើយឯងក៍ជឿអញ តាមពិតម៉ែឯង ក៍ត្រូវអញវ៉ៃដែរ ” ៕

    1. “សំខាន់គឺឆន្ទៈ កម្លាំងចិត្ត គំនុំ និងក្ដីឈឺចាប់” តើត្រូវការចំណេះដឹង ឬអត់?

Leave a Comment

Your email address will not be published. Required fields are marked *