ប្រវត្តិលោកតា ប្រាជ្ញ ឈួន

លោក​តា ប្រាជ្ញ ឈួន​ ចាប់​កំណើត​នៅ​ខែ​តុលា​ឆ្នាំ​១៩៣៦ ​ជា​កូន​ពៅ​ក្នុង​គ្រួសារ​កសិករ​ ដែល​មាន​កូន​ប្រាំ​មួយ​នាក់​ នៅ​ភូមិ​ត្រពាំង​កក់ ​ឃុំខ្វាវ​ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ។ លោក​តា បានចាប់​ផ្តើម​រៀន​ចាប៉ី​នៅ​អាយុ​ ៩​ឆ្នាំ ​ពី​ឪពុកមា​ខាង​ឪពុក​ម្នាក់​ឈ្មោះ ​ប៉ែត ឌុប​ ហៅ​ចង្កូម​ប្រាំបី។

លោក​តាជា​កូន​សិស្ស​របស់​លោក​សង្ឃ​ព្រះ​នាម​អេតសែន​ក្នុង​វត្ត​ប្រមរ។​ ព្រះ​សង្ឃ​បាន​បង្ហាត់​បង្រៀន​បាលី​ ចម្រៀង ​កំណាព្យ​ និង​រឿង​និទាន​អក្សរ​សិល្ប៍​ផ្សេងៗ ​ដល់​រូប​លោក​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​សម្បូរវោហារ​ និង​ចេះ​ដឹង​ផ្នែក​អក្សរ​សាស្ដ្រ​បាន​ច្រើន។​

ក្រោយពី​រៀន​ចេះ​វិជ្ជា​ដេញ​ចាប៉ី​ដងវែង​ហើយ ​ទស្សនិក​ជន​ដំបូង​របស់​លោក​គឺ​អ្នករួម​ស្រុក​ទាំង​ឡាយ។​ លោកតា ​ប្រាជ្ញ ឈួន​ ​ជា​អ្នក​ចម្រៀង​ចាប៉ី​ដែល​មាន​សំឡេង​ធំ​មូល​ក្រអួន​ប្រកប​ដោយ​ទឹក​ដម​និង​ភាព​ប៉ិន​ប្រសព្វ។​

ក្រោយ​មក​នៅ​ឆ្នាំ​១៩៦២ ​លោក​បាន​ចូល​រួម​ «ការ​ប្រឡង​ប្រជែង​ដើម្បី​ជ្រើសរើស​អ្នក​ចេះ​ដឹង​ផ្នែក​ចាប៉ី​ដង​វែង» ​របស់​វិទ្យុ​ជាតិ​ ហើយ​ក៏​បាន​ឈ្នះ​ការ​ប្រកួត​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ​ក្នុង​ចំណោម​អ្នក​ចូលរួម​ទាំង​ ២០​នាក់។​

ចាប់​តាំងពី​ពេល​នោះ​មក ​លោក​តា​ក៏​ចាប់​ផ្តើម​ច្រៀង​ដាក់​វិទ្យុ​ជាតិ​នៅ​ឯ​ភ្នំពេញ។​ ខ្លឹម​សារ​នៃ​ចម្រៀង ​គឺ​ត្រូវ​បាន​កំណត់​ដោយ​ចាងហ្វាង​វិទ្យុ​ ដែល​ក្នុង​នោះ​ច្រើនតែ​ទាក់ទង​នឹង​ប្រវត្តិ​សាស្រ្ត ​នយោបាយ ​និង​អ្នក​ល្បីៗ ​ជា​ច្រើន​នៅ​ក្នុង​សកលលោក។

ក្រោយ​ពី​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ទៅ​នៅ​ថ្ងៃ​ទី​៧ ​មករា ​ឆ្នាំ​១៩៧៩​ លោកតា ​ប្រាជ្ញ ឈួន បាន​ចាប់​ផ្តើម​អាជីព​ជា​អ្នក​ច្រៀង​ចាប៉ី​ឡើង​វិញ។​ លោកតា បាន​ត្រឡប់​មក​ភ្នំពេញ ​និង​បាន​ច្រៀង​នៅ​កម្ម​វិធី​វិទ្យុជាតិ​កម្ពុជា។​ ក្រៅ​ពី​នោះ​ លោក​ក៏​បាន​ទទួល​ការ​អញ្ជើញ​ឲ្យ​ទៅ​ច្រៀង​ក្នុង​កម្មវិធី​ផ្សេងៗ​ទៀត​ដែរ។​

បច្ចុប្បន្ន​លោកតា ​ប្រាជ្ញ ឈួន ​មាន​កូន​ចំនួន ​៥​នាក់​ ក្នុង​នោះ​មាន ​៣​នាក់ ​ដែល​រស់​នៅ​ជាមួយ​គាត់។​ មួយ​ជីវិត​របស់​លោក​កាន់​ដង​ចាប៉ី​ជា​ប្រចាំ។ ​ដោយ​សារ​ភាព​ល្បី​ល្បាញ​របស់​លោកតា​ៗ ​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​ច្រៀង​នៅ​តាម​ខេត្ត និង​រាជធានី​មួយ​ចំនួន​ដូច​ជា​ខេត្ត​រតនគិរី ​មណ្ឌលគិរី ​ឧត្តរមានជ័យ ​និង​រាជធានី​ភ្នំពេញ​ជាដើម។​

លើសពី​នេះ​ទៅ​ទៀត ​លោក​តា​ក៏​ធ្លាប់​ទៅ​បញ្ចេញ​សំនៀង​នៅ​ឯ​បរទេស​ផង​ដែរ​ ដូចជា​នៅ​សហ​រដ្ឋ​អាមេរិក​ ២​ដង ​ប្រទេស​បារាំង​បាន​ ៣​ដង​ និង​ទៅ​ប្រទេស​សិង្ហ​បុរីបាន​ម្តង។​

ចម្រៀង​របស់​លោកតា ​មាន​ជា​កំប្លែង​ខ្លះ​ ហើយ​ភាគ​ច្រើន​គឺ​ផ្តល់​ជា​ការ​អប់រំ។​ លោក​តាចូលចិត្ត​ច្រៀង​រៀបរាប់​ច្បាប់​ស្រី ​ហើយ​លោក​តា​ចេះ​ច្រៀង​ច្បាប់​ក្រុម​ង៉ុយ​ដល់​ទៅ ​៤​ច្បាប់។ ​មិនតែ​ប៉ុណ្ណោះ ​លោកតានៅ​ចេះ​តែង​បទ​ចម្រៀង​ភ្លាមៗ​ ស្រប​ពេល​នឹង​កំពុង​ច្រៀង​ទៀត​ផង ​ហើយ​ឃ្លា​ឃ្លោង​ក៏​ជួន​គ្នា​បាន​ល្អ​ទៀត៕

Leave a Comment

Your email address will not be published. Required fields are marked *